រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រសួងបរិស្ថាន ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសហការជាមួយក្រសួងបរិស្ថាន ប្រារព្ឋទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើងស្អាតនិង បៃតង ”  ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងអង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណជា៤០០នាក់ ដែលបានប្រព្រឹត្តទៅនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រុងសែនមនោរម្យ ដែលយើងកំពុងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ឆ្នាំនេះ គឺបានទទួលជ័យលាភី ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៥មក ដោយមានទាំងផ្នែកការរៀបចំទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងកាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុងសែនមនោរម្យ ក៏បានទទួលពានរង្វាន់បរិស្ថានអាស៊ាន ជាទីក្រុងដែលមាន«ដីស្អាត»។

លោក ចាន់ រតនា បន្តថា ជ័យលាភីនិងពានរង្វាន់ជាបន្តបន្ទាប់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៃក្រុងសែនមនោរម្យផ្ទាល់តែម្តង។ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃនេះ នឹងធ្វើឱ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងការ ថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទៅនៃប្រទេសកម្ពុជាថា ការថែរក្សាអនាម័យបរិស្ថាន គឺជាកាតព្វកិច្ច និងជាការចូលរួមថែរក្សាការពារមាតុភូមិ ដែលជាផ្ទះរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីធានានូវគុណភាព និងនិរន្តរភាពបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបាន ដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដូច ក្នុងនោះការងារអប់រំ ផ្សព្វផ្សាយ គឺជាបញ្ហាមួយសំខាន់ដែលមិនអាចខ្វះបាន។

ឯកឧត្តម ស៊ឹម យ៉ារ៉ែន បន្តថា កិច្ចការងារនេះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានដាក់ចេញជាបេសកកម្ម គឺ ការលើកកម្ពស់ចំណេះដឹងបរិស្ថាន ប្រែក្លាយជាការអនុវត្តមេត្រីភាពបរិស្ថាន ដែលបានស្តែងចេញតាមសកម្មភាពការងារជាច្រើន ដោយក្រសួងបានបញ្ជ្រាប ការងារបរិស្ថាន ទៅក្នុងកម្មវិធីសិក្សាជាមួយក្រសួងអប់រំ យុវជន និង កីឡា។ ការបង្កើតកម្មវិធីវេទិការយុវជន ជជែកពីបរិស្ថាន ការប្រកួតវីដេអូខ្លីស្តីពីសំរស់ស្រុកយើង ចម្រៀងបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង បរិស្ថានតាមសាលា ការបង្កើតជាកម្រងវីដេអូអប់រំផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីរួម ចំណែកសម្រេចបាន កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការ អភិរក្សជីវចម្រុះ និងការរស់នៅ អភិឌ្ឍន៍ដោយចីរភាព។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រារព្ធទិវាអានម័យបរិស្ថានជាតិនៅថ្ងៃនេះ ក៏នឹងត្រូវបានផ្សព្វផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់កម្ពុជាយើងផងដែរ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបរិស្ថានជូនដល់ ពលរដ្ឋ និងជំរុញការចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តមេត្រីភាពបរិស្ថាន៕ ដោយ ៖ ផល្លិត ហៅបូរ៉ា