រដ្ឋសភាកម្ពុជា-ឡាវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ

ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក ឯកឧត្តម សៃ ស៊ុមភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តម សៃ ស៊ុមភូន ភូមវិហាន និងគណៈប្រតិភូនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារទ្វេភាគី ក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង។

ឯកឧត្តម សៃ ស៊ុមភូន ភូមវិហាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នឹងមហាសន្និបាតអាយប៉ាលើកទី៤៣របស់កម្ពុជា ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺឡើងនៅលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានរដ្ឋសភា បានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀន និងបទពិសោធន៍សំខាន់មួយសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

ប្រធានរដ្ឋសភាប្រទេសទាំងពីរបានគាំទ្រ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តម សៃ ស៊ុមភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភាឡាវផងដែរ។

សម្តេចមានសេចក្តីសោមនស្សរីករាយ ជាខ្លាំងដែលឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលធ្វើឱ្យមហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភាប្រទេសទាំងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាប្រទេសទាំងពីរទៅវិញទៅមក។

បន្ទាប់មកសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរ ឲ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទាំងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕