មេដឹកនាំកោះតៃវ៉ាន់លាលែងពីតំណែងប្រធានគណបក្ស ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់

តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានសម្រេចលាលែងពី តំណែងប្រធានគណបក្សកាន់អំណាច DPP កាលពីថ្ងៃសៅរ៍ បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រី ក្នុងការព្យាយាមយកការបោះឆ្នោតថ្នាក់តំបន់ ធ្វើជាការបង្ហាញភាពតស៊ូជម្នះរបស់​ទីក្រុងតៃប៉ិ ប្រឆាំងនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំង មិនបានផ្តល់លទ្ធផលតាមការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដែលសម្រាប់ជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាប្រចាំមូលដ្ឋាន គឺផ្តោតតែទៅលើបញ្ហាក្នុងស្រុកដូចជា វិបត្តិកូវីដ១៩និងឧក្រិដ្ឋកម្មប៉ុណ្ណោះ ហើយអ្នកដែលជាប់ឆ្នោត មិនមានសិទ្ធិសម្រេចអ្វីពាក់ព័ន្ធនឹង​គោលនយោបាយចិនដោយផ្ទាល់ឡើយ។ យ៉ាងណាក្តី លោកស្រី សៃ បាននិយាយថា វាមានន័យលើសពីការបោះឆ្នោតថ្នាក់តំបន់ធម្មតាៗ ដ្បិតពិភពលោកកំពុងសម្លឹងមើលថាតើ តៃវ៉ាននឹងការពារប្រជាធិបតេយ្យរបស់ខ្លួនដោយរបៀបណា នៅចំពោះមុខភាពតានតឹងយោធា​ជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះត្រឹមជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។

ក្នុងការបោះឆ្នោតខាងលើ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់គឺ គូមីនតាង (Kuomintang ឬ KMT) ដណ្តើមបានតំណែងអភិបាលក្រុង និងស្រុកចំនួន១៣ ក្នុងចំណោម២១ រួមទាំងនៅទីក្រុងតៃប៉ិផងដែរ ស្របពេលដែលគណបក្ស DPP យកបានតែ៥ប៉ុណ្ណោះ។

ថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការរបស់គណបក្ស អំពីការលាលែងជាប្រធានបក្ស DPP លោកស្រី សៃ បាននិយាយដូច្នេះថា «លទ្ធផលគឺ​ខុសពីការរំពឹងទុករបស់យើង ដូច្នេះហើយយើងទទួលយកលទ្ធផលនេះ ក៏ដូចជាទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។

ពាក់ព័ន្ធការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ ខាងទីក្រុងប៉េកាំងបានលើកឡើងថា លទ្ធផលដែលចេញមកបានបង្ហាញថា ការយល់ឃើញ​របស់ប្រជានតៃវ៉ាន់ទូទៅ គឺពួកគេចង់បានសុខសន្តិភាព ស្ថិរភាព និងការរស់នៅល្អប្រសើរ ហើយទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយ​ប្រជាជនតៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព ព្រមទាំងប្រឆាំងនឹងចលនាឯករាជ្យតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែកពីបរទេស៕