លោក ដាំ សិទ្ធិ អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ ស្នើសូមចូលរួមជីវភាពនយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​

ភ្នំពេញ ៖ ​លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តសមរង្ស៊ី និង​អតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិត គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា ស្នើសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិត​សរសេរ​ដោយដៃ និងចុះហត្ថលេខារបស់​លោក ដាំ សិទ្ធិ ត្រូវបាន​ខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន សែន ចែកចាយ​ដល់កាសែត នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​។

នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ថា «ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អ ត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ»។

សូមជំរាបថា លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងការស្នើសុំនេះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរពជូន សម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។

ក្រៅពី លោក យ៉ង់ សាំកុមារ, លោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ដែលថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕