អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ (ដំណាក់កាលទី៣)

ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៣​ ក្រោមជំនួយថវិកា​មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌​ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. អភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧

២. អភិរក្សនិងជួសជុលចម្លាក់តោចំនួន ២

៣. រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្តេីរនិងសងខាងជណ្តេីរបុរាណ

៤. ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភ័ណ្ឌដល់សិស្សសាលា

សូមបញ្ជាក់ថា៖ ដំណាក់កាលទី១ (ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សានិងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សានិងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុលនិង អភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯ ដំណាក់កាល ទី២ (ឆ្នាំ២០២០-២០២១) បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្សនិងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម អភិរក្សនិងជួសជុលចម្លាក់ តោចំនួន ១ និងគុជសីហ៍ចំនួន ១។

អជ្ញាធរជាតិព្រះវិហារនឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដេីម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤​ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌៕