កម្ពុជា កំពុងពន្លឿនរៀបចំបង្កើតតុលាការពាណិជ្ជកម្មឲ្យចេញជាផ្លូវការនៅឆ្នាំ ២០២៣

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងពន្លឿនការរៀបចំបង្កើតតុលាការពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ឲ្យលេចចេញជារូបរាងផ្លូវការនៅឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីផ្តល់ទំនុកចិត្តកាន់ខ្លាំងឡើងដល់អ្នកធុរកិច្ចជាតិ និងអន្តរជាតិទៅលើប្រព័ន្ធតុលាការដែលមានឯកទេស ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានសហការជាមួយការិយាល័យធនា គារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សភាពាណិ ជ្ជកម្មកម្ពុជា និងចៅក្រម សិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការផងដែរ។

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ដើមឡើយការបើកដំណើរការតុលាការពាណិជ្ជកម្មនេះ គឺគ្រោងធ្វើឡើងនៅឆ្នាំ២០២២នេះតែម្ដង ប៉ុន្ដែក្រសួងយុត្តិធម៌ បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវសិក្សាបំពេញបន្ថែម ហើយត្រូវការពេលវេលាបន្ថែមទៀត។ បញ្ហាប្រឈមទាំងអស់នោះ រួមមានការកង្វះធនធានមនុស្ស, កង្វះធនធានថវិកា, កង្វះទីតាំងសមរម្យ និងកង្វះនីតិវិធី លិខិតបទដ្ឋានគតិយុត្តជាដើម។ ឯកឧត្តមបញ្ជាក់ថា ដំណើរការបង្កើតតុលាការពាណិជ្ជកម្មនេះ ក្រសួងយុត្តិធម៌ រំពឹងថា នឹងលេចចេញជារូបរាងឡើងនៅឆ្នាំ២០២៣។ បើទោះបីយឺតបន្ដិច ប៉ុន្ដែយើងបង្កើតបានតុលាការមួយដែលល្អ ត្រឹមត្រូវ ហើយសាធារណៈជនអាចទទួលយកបាន។ ដោយសារយើងមានសន្ដិភាព មានការរីកចម្រើនសេដ្ឋកិច្ច ដូច្នេះយើងត្រូវតែមានតុលាការឯកទេសមួយ។

ឯកឧត្តមបានឲ្យដឹងទៀតថា ការបង្កើតតុលាការឯកទេសមួយនេះ ក៏ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បានមានប្រសាសន៍ថា តុលាការពារណិជ្ជកម្មនេះ នឹងធ្វើឲ្យអ្នករកស៊ីមានទំនុកចិត្តមកលើប្រព័ន្ធយុត្តិធម៌របស់យើង ដោយសារកន្លងមក យើងចៀសវាងវិវាទក្តីពាណិជ្ជកម្ម បទល្មើសព្រហ្មទណ្ឌ នេះជាការបារម្ភរបស់អ្នករកស៊ី តែបើយើងមានតុលាការមួយដែលកាត់ក្តីដោយយុត្តិធម៌ និងមានតម្លាភាព ដែលគ្មានអំពើពុករលួយសម្រាប់ពាណិជ្ជករ ដូច្នេះវាគឺជាឱកាសមួយដើម្បីទាក់ទាញការវិនិយោគកាន់តែខ្លាំងឡើង ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។

ឧកញ៉ា លឹម ហេង បានលើកឡើងថា ស្របពេលដែលកម្ពុជាមិនទាន់មានតុលាការពាណិជ្ជកម្មនោះ ពាណិជ្ជករដែលមានបញ្ហាត្រូវប្ដឹងផ្ដល់ពាក់ព័ន្ធវិវាទក្នុងមុខជំនួញរបស់ខ្លួន ត្រូវប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ត ខណៈដែលសាលាដំបូងរាជធានី-ខេត្ត មានសំណុំរឿងច្រើនដែលកំពុងកាត់ក្ដីនោះម្ល៉េះហើយ ហាក់មានភាពយឺតយ៉ាវ និងបង្កការលំបាកមួយចំនួនដល់ពាណិជ្ជករ ដូច្នេះហើយការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម គឺជារឿងមួយដ៏សំខាន់បំផុត។

ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ទៀតថា ដោយសារតែបញ្ហា និងរឿងវិវាទនានាដូចដែលបានលើកឡើងខាងលើនេះតែងកើតមាន និងប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម ជាពិសេសទីផ្សារក្នុងស្រុក បច្ចុប្បន្ននេះ តាមរយៈអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សា និងស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ក្នុងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងវិស័យពាណិជ្ជកម្ម។

សូមបញ្ជាក់ថា នៅក្នុងពិភពធ្វើជំនួញ និងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ ក៏ដូចជា បច្ចុប្បន្ន រឿងវិវាទត្រូវបានកើតមានជាបន្តបន្ទាប់រហូតមានអ្នកខ្លះធ្វើការប្ដឹងផ្តល់ដល់ប្រព័ន្ធតុលាការ ដូចជា ករណីរំលោភលើកម្មសិទ្ធិបញ្ញា, ការប្រជែងយកទីផ្សារដោយគ្មានតម្លាភាព, ការមិនគោរពលើកិច្ចសន្យាទទួលទិញ-លក់ ឬការក្លែងឈ្មោះម៉ាកយីហោនៃផលិតផលជាដើម។ ម្យ៉ាងវិញទៀត ស្ថាប័នតុលាការពាណិជ្ជកម្មនេះ ដើម្បីជួយសម្រួល និងដោះស្រាយនូវរាល់វិវាទពាណិជ្ជកម្មដែលអាចកើតមាន។

សូមរំលឹកថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៕