រដ្ឋមន្រ្តីមុខងារសាធារណៈ និងថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តក្រចេះប្រារព្ធអង្គកឋិនទានសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃចំនួន១៧៧វត្តនៅទូទាំងខេត្ត

ខេត្តក្រចេះ ៖ នារសៀលថ្ងៃ ពុធ ១៣កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រួមនិងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្នុងខេត្តបានប្រារព្ធពិធីអង្គកឋិនទានមួយដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៧៧វត្តនៅទូទាំងខេត្ត។

ក្នុងពិធីបុណ្យនេះផងដែរ បានប្រព្រឹត្តក្នុងបរិយាកាសអធិអធមក្រៃលេងនៅក្នុងបរិវេណ សាលាខេត្ត ហើយដង្ហែឆ្ពោះទៅកាន់វត្តមណីរង្សីវេស្សវ័ណ (ហៅ វត្ត កាប៉ូ ) ជាតំណាងនៃវត្តនីមួយៗ ។ ក្នុងពិធីនេះផងដែរ សង្កេតឃើញមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកតា លោកយាយជាច្រើនកុះករផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានរស្មីសាមគ្គីនេះ គឺបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

មានប្រសាសន៍ នាឱកាសនោះឯកឧត្តម ព្រុំ សុខា លើកឡើងពីក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រទេសកម្ពុជាបានទទួលរងនូវវិនាសសកម្មខ្ទេចខ្ទីគ្មានសល់ដោយសាររបប ប៉ុល ពត អៀង សារី និង ខៀវ សំផន បានធ្វើឲ្យប្រទេសធ្លាក់រណ្តៅមរណៈ។ ទើបតែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាយើងត្រូវបានរស់ឡើងវិញ រួមទាំងព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទៀតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧបសគ្គរហូតមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែជាអកុសល្យរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសដទៃទៀត លើសកលលោកត្រូវបានទទួលរងគ្រោះ និងផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច និងសង្គមមួយចំណែកធំផងដែរ រហូតដល់មានការបាត់បង់នូវអាយុជីវិតមនុស្សទៀតផង គឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមបន្តថា តែមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានខិតខំព្យាយាមជំនៈគ្រប់ឧបសគ្គ ទោះជាក្នុងតម្លៃណាក៏ដោយសម្តេចអគ្គមហាសេនាបតីតេជោ ស្វែងរកគ្រប់មធ្យោបាយ ក្នុងទិញវ៉ាក់សាំង មកចាក់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ រហូតមានការទទួលស្គាល់ពីអន្តរជាតិ អំពីការអនុវត្តគ្រប់វិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩មួយនេះ។ ទន្ទឹមនោះឯកឧត្តមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែសបានទេចំពោះជំងឺមួយនេះ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ។

សូមបញ្ជាក់ផងដែរថា អង្គកឋិនទានបានដង្ហែមកប្រគេនព្រះសង្ឃនាថ្ងៃនេះ បានបច្ច័យសរុបចំនួន ៤២៦.០០០.០០០លានរៀល ក្នុងនោះមួយវត្តទទួលបានបច្ច័យចំនួន ២.០០០.០០០រៀល៕ ដោយ ៖ ស៊ាន ចន្ទ័ដា