រដ្ឋមន្រី្តសុខាភិបាល៖ មនី្ទរសម្រាកព្យាបាលដើមអង្រ្កង ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវការ​ធ្វេសប្រហែស

ភ្នំពេញ៖ បន្ទាប់ពីការធ្វេសប្រហែសរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា មនី្ទរសម្រាកព្យាបាលដើមអង្រ្កង ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការបញ្ជាក់របស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះ​នាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងស្រី្ត​រងគ្រោះ ដែល កំពុងសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ចំពោះករណីមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងខាងលើនេះ ខ្ញុំបានចេញសេចក្ដីប្រកាសរួចរាល់ គឺមន្ទីរពេទ្យនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកករណីឆ្មប ដែលធ្វើការរំលូតកូនក្នុងផ្ទៃអាយុ ១៨សប្ដាហ៍របស់ស្ដ្រីខាងលើនេះ ក្រសួងនឹងផ្អាកការប្រកបវិជ្ជាជីវៈឆ្មប ជាបណ្ដោះអាសន្ន រយៈពេល២ឆ្នាំ ដោយសារឆ្មបនេះមិនទទួលបានការបណ្ដុះបណ្ដាល ផ្នែករំលូតកូនទេ ហើយមន្ទីរពេទ្យនេះ ក៏អត់បានទទួលការអនុញ្ញាតពីក្រសួងជាផ្លូវការ ដើម្បីធ្វើការងាររំលូតកូនដែរ ព្រោះការរំលូតកូន ត្រូវមានលិខិតអនុញ្ញាតមួយទៀត។ បន្ទាប់មកឆ្មបត្រូវបានការបណ្ដុះបណ្ដាល ទើបអាចធ្វើការប្រតិបត្ដិការរំលូតកូននេះ ពិសេសកូនដែលធ្វើការរំលូតនោះ គឺធំហួសដែលត្រូវការអង្គភាពជំនាញទើបអាចធ្វើបាន ដូច្នេះគ្លីនិកឯកជនខាងលើនេះ មានការធ្វេសប្រហែសខ្លាំងណាស់»។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា «ជាការពិតយើងជាញឹកញរ យើងតែងតែក្រើនរម្លឹកដល់មន្ដ្រីសុខាភិបាលរបស់យើង ខិតខំធ្វើយ៉ាងម៉េចបំពេញមុខវិជ្ជាៈជីវៈយើងឱ្យបានត្រឹមត្រូវ ហើយកុំរំលោភនូវភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់តម្លៃកិត្ដិយសរបស់យើង ហើយម្យ៉ាងទៀតនោះ គឺខ្វះប្រសិទ្ធភាពនៃការថែទាំព្យាបាលអ្នកជំងឺ ។ដូច្នេះសូមបងប្អូនយើង (គ្រូពេទ្យ) ទាំងរដ្ឋ និងគ្លីនិកឯកជន ត្រូវខិតខំរៀនសូត្របន្ថែមទៀត ហើយគោរពទៅតាមច្បាប់ និងបទដ្ឋានបច្ចេកទេស​ដែលបានណែនាំដោយក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈរៀងៗខ្លួន»។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល ​មានការសោកស្តាយជាពន់ពេក​នូវ​ ការ​ធ្វេសប្រហែសរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បាន​អនុញ្ញាត ​ឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន​ តែឆ្មបរូបនេះ នៅមិនទាន់ទទួល​បានការ​បណ្តុះបណ្តាលបន្ថែមស្ដីពីការ​ រំលូតគភ៌​នៅឡើយ ដែលការអនុវត្ត​នេះ​ខុស​ពី​បច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ​ជាពិសេសការ ណែនាំ​បច្ចេកទេស​ពី​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋាន​គតិយុត្ត​នានា​របស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

សូមបញ្ជាក់ថា ហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ​(ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ​ភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២២​ ភ្លាមៗនោះ ក្រសួងសុខាភិបាលបាន​ចាត់​បញ្ជូន​ ក្រុមការងារបច្ចេកទេស​របស់ក្រសួង ដោយរួម​សហការ​ជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ ​និងមន្ទីរសុខាភិបាល ​នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យ​ស្រាវជ្រាវ​ករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌​ក្នុងផ្ទៃស្រ្តីខាងលើ។

បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល ​និងជួយសង្គ្រោះអាយុជីវិត ដោយ​យកចិត្តទុកដាក់ ​បំផុតពីក្រុមគ្រូពេទ្យ ​នៃមន្ទីរពេទ្យកាល់ម៉ែត​ និងដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕