ក្រសួងសុខាភិបាល ប្រាប់ឲ្យពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាលឯកជន

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២២ បានណែនាំដល់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាល។

ឯកឧត្តម ម៉ម ប៊ុនហេង បានផ្ញើលិខិតមួយ ប្រាប់អភិបាលរាជធានី-ខេត្តធ្វើការណែនាំ ដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យតាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់៕