រដ្ឋមន្រ្តីរ៉ែ និងថាមពល ប្រកាសផ្អាកផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មសំណង់ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ផ្អាកផ្ដល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្មរ៉ែថ្មសំណង់ ​នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្ត ​ពាក់ព័ន្ធនឹងការធ្វើ​ប្រតិបត្តិការរ៉ែថ្មសំណង់ ​និងការប្រកាសស្តីអំពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែ បានមានប្រសាសន៍ថា​ បច្ចុប្បន្ននេះ អាជីវកម្មថ្មសំណង់ កំពុងមានចំនួនលើសលុប ​ធ្វើឲ្យលើសតម្រូវការទីផ្សារ ដែលវាបានប៉ះពាល់ដល់អ្នកធ្វើ​អាជីវកម្ម​វិស័យនេះ ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត លោកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។

ឯកឧត្តម បានបន្តថា ដើម្បីសម្រួលដល់បញ្ហានេះ​ ក្រសួងរ៉ែ និងថាមពល សម្រេច​ផ្អាកការផ្ដល់អាជ្ញាប័ណ្ណការធ្វើអាជីវកម្មរ៉ែថ្មសំណង់បន្ថែមទៀតមួយរយៈសិន តែសម្រាប់លិខិត​បែបបទស្នើសុំដាក់ដល់ក្រសួងហើយនោះ​ ត្រូវអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណ ហើយលិខិត​មិនទាន់​ដល់ក្រសួង ត្រូវបានផ្អាក​ និងពេលមានតម្រូវការពេលណា នឹងប្រកាស​អនុញ្ញាត​ឡើងវិញ ។

ឯកឧត្តម ស៊ុយ សែម បន្ថែមថា ​នៅកម្ពុជាទោះបីជាសម្បូរទៅដោយភ្នំ ​ប៉ុន្តែមានតែខេត្តកំពង់ស្ពឺទេ ដែល​មានថ្មភ្នំល្អ អាចយកមកធ្វើសំណង់បាន ​ខណៈខេត្តផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ហើយរាល់អាជីវកម្មរ៉ែថ្មសំណង់ទាំងអស់​ ត្រូវរៀបចំថ្មឲ្យមានគុណភាពល្អ ដើម្បីយកទៅ​ប្រើប្រាស់​ធ្វើសំណងផ្សេងៗបានយូរឆ្នាំ ព្រោះថា រាល់រ៉ែទាំងអស់ ដែលកាយយកមកហើយ មិនមានកកើតឡើងវិញនោះទេ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ បានប្រកាសទទួលស្គាល់សមាគមអ្នកផលិតថ្ម​សំណង់កម្ពុជា រួមទាំង​បានអំពាវនាវ ​ដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មសំណង់ ចូលរួមក្នុងសមាគម​នេះទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេស ហើយកុំមានការបង្កើតសមាគមនៅតែខេត្តនីមួយៗទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា សមាគមអ្នកផលិតថ្មសំណង់កម្ពុជា ពិតជាប្រយោជន៍សម្រាប់អ្នកមានអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់  ហើយការចូលរួមនេះនឹងធ្វើឱ្យមានសមាគម មានកម្លាំងគ្រប់គ្រាន់ ក្នុងការជជែក ការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាផងដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង​ ប្រធានសមាគមអ្នក​ផលិតថ្មសំណង់កម្ពុជា បាន​លើកឡើងថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ជាពិសេសខេត្តជិតៗរាជធានីភ្នំពេញ បាន​ប្រឈមមុខនូវបញ្ហាធំៗមួយចំនួន ​ដែលតម្រូវឲ្យអ្នកផលិតថ្មសំណង់មួយចំនួន ខាតមិនអាច​ឈរជើង​ដល់ការផ្អាក ឬឈប់សកម្មភាពផលិត ​ព្រោះមានការប្រកួតប្រជែងតម្លៃទីផ្សារខ្លាំងពេក ។

លោក ឧកញ៉ា បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ​ទើបនាំឲ្យមានបង្កើតនូវសមាគមនេះឡើង ហើយសមាជិកសមាគមទាំងអស់ ​នឹងគោរពច្បាប់ ​បទដ្ឋានគតិយុត្ត​ ក្នុងការផលិត ឬយក​រ៉ែ​ថ្មសំណង់ ​និងសាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ៕