WHO៖ ការទម្លាក់ចោលការប្រុងប្រយ័ត្ននឹងកូវីដ១៩ អាចនឹងនាំឱ្យមានវីរុសបំប្លែងថ្មីដ៏កាចសាហាវសាជាថ្មី

ហ្សឺណែវ ៖ ប្រមុខអង្គសុខភាពពិភពលោក WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅ ថាការទម្លាក់ចោលការប្រុងប្រយ័ត្ន និងបរាជ័យជាច្រើននៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំ២០២២នេះ នៅតែបន្តបង្កើតលក្ខខណ្ឌអំណោយផល ដែល អាចនឹងធ្វើឱ្យវីរុសបំប្លែងខ្លួនថ្មី ដ៏កាចសាហាវចាប់កំណើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់ខាងលើរបស់លោក តេដ្រូស គឺជាការផ្លាស់ប្ដូរមួយតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយលោកផ្ទាល់បានលើកឡើងថាពិភពលោកកំពុងស្ថិតនៅលើទីតាំងដ៏ ប្រសើរក្នុងការបិទបញ្ចប់កូវីដ១៩។ លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «យើងអាចនិយាយបានថាដំណាក់កាលអាសន្ននៃកូវីដ១៩ កំពុងខិតទៅរកទីបញ្ចប់ ប៉ុន្តែ វាមិនទាន់ចប់នៅឡើយទេ…ហើយគម្លាតនៅក្នុងការធ្វើតេស្ត និងការចាក់វ៉ាក់សំាងបង្ការនៅតែបន្តបង្កើតលក្ខខណ្ឌអំណោយផល ដែលអាចនឹងធ្វើឱ្យវីរុសបំប្លែងខ្លួនថ្មី ដ៏កាចសាហាវចាប់កំណើតឡើង»។

គួរបញ្ជាក់ថា បើតាមអង្គការ WHO ក្នុងពេលបច្ចុប្បន្ន ប្រហែលជា ៩០ភាគរយនៃប្រជាជនពិភពលោក មានភាពសុំាទៅនឹងកូវីដ១៩ នៅកម្រិតខ្លះ ទាំងដោយសារតែ ការចាក់វ៉ាក់សាំងបង្ការ និងធ្លាប់បានឆ្លងជំងឺនេះ៕