ឥណ្ឌូណេស៊ីដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ក្រោយបន្ទុះភ្នំភ្លើង

ហ្សាការតា ៖ អាជ្ញាធរឥណ្ឌូណេស៊ីជម្លៀសមនុស្សខ្ទង់ ២,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្នត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត ក្រោយភ្នំភ្លើងដែលផ្ទុះឡើងនាថ្ងៃអាទិត្យនេះ ដែលស្ថិតនៅ​ភាគខាងកើតនៃកោះជ្វា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB បានប្រាប់ថា មនុស្សចំនួន១,៩៧៩នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជ្រកកោន​សុវត្ថិភាពចំនួន ១១កន្លែង ហើយអាជ្ញាធរក៏បានចែកម៉ាសការពារដល់ប្រជាជនផងដែរ ខណៈកិច្ចប្រឹងប្រែងជួយ សង្រ្គោះ រុករក និងជម្លៀសកំពុង​តែបន្តប្រព្រឹត្តទៅ។

មកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ និងរបួស ដោយសារបន្ទុះភ្នំភ្លើងមានឈ្មោះថា សេមេរូ (Semeru) ដែលបានកើតឡើងកាលពីវេលាម៉ោងជិត ៣យប់រំលងអធ្រាត្រនៅឡើយទេ។ រីឯក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានឱ្យដឹងថា ការធ្វើដំណើរតាមផ្លូវអាកាស គឺមិនមានរងការប៉ះពាល់ឡើយ ប៉ុន្តែបានបញ្ជូនសារឱ្យអាកាសយានដ្ឋានចំនួន២នៅក្នុងតំបន់ រក្សាការប្រុង​ប្រយ័ត្នជាប់៕