អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នៅវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នៅវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ ឯកត្តមអភិបាលខេត្តសូមជូនពរក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះទទួលបាននិន្ទេសល្អសមតាមបំណងប្រាថ្នាគ្រប់ៗគ្នា។

ការប្រលងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល ៦០នាទី និងជីវវិទ្យា រយៈពេល ៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល ៩០នាទី និងភាសាបរទេស រយៈពេល ៦០នាទី។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរវិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល៩០នាទី និងរូបវិទ្យា មានរយៈពេល៩០នាទី។ នៅពេលរសៀល មានមួយមុខវិជ្ជា គឺគណិតវិទ្យា មានរយៈពេល ១៥០នាទី។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ ដោយ ៖ នាយកំសត់