វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០,២២៣ករណីបន្ថែមទៀត និងស្លាប់១៣៩នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១០,២២៣ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺជំងឺដ៏សាហាវនេះចំនួន១៣៩នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៦០៩ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០៦៥,៤៦៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៨១,៥៩៣នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,៤៧៦នាក់៕