សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,០៣៨ករណី និងស្លាប់០៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,០៣៨ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៦នាក់ ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃ នៅថ្ងៃព្រហស្បតិ៍ គឺមានការធ្លាក់ចុះ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃពុធដែលមានចំនួន៣,៤៧៤ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៤៦,៨៥៣ករណី និងស្លាប់កើនដល់៦២៥នាក់។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕