ភ្ញៀវនៅតែមកកម្សាន្តបុណ្យសមុទ្រ ដោយមិនព្រួយរឿងស្នាក់នៅ ខណៈក្នុងក្រុងមានបន្ទប់ស្នាក់នៅជាង ៩០០០បន្ទប់

ភ្នំពេញ៖ គិតមកដល់​ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅទេសចរណ៍នៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០បន្ទប់ឯណោះ។

នាពេលចាប់ផ្ដើមបុណ្យសមុទ្រនេះដែរ ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានលើកឡើងថា «បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ»។

ឯកឧត្ដម គឹម សេរីរដ្ឋ បានបញ្ជាក់ទៀតថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។

ឯកឧត្ដម គឹម សេរីរដ្ឋ បានបន្ថែមថា សម្រាប់ចំនួនភ្ញៀវទេសចរ ដែលគ្រោងមកកម្សាន្ត នៅក្នុងឱកាសបុណ្យសមុទ្រ គិតមកដល់ពេលនេះ គឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បាំងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗផងដែរ។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានប្រមាណ៨០ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។ លោកថា «នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់ដែរ ដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន»។

លោកប្រធានមន្ទីរបានបន្តថា ក្នុងឱកាសបុណ្យសមុទ្រនេះដែរក៏មានភ្ញៀវជាតិកក់បន្ទប់ស្នាក់នៅច្រើនណាស់ដែរ ខណៈភ្ញៀវបរទេសក៏មានច្រើនដូចគ្នា។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕ដោយ ៖ ទឹង សុភាព (ប្រភព៖ ក្រសួងទេសចរណ៍)