ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ ២០២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ និងមានការអញ្ជើញចូលរួមពីលោកជំទាវ  ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់  ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២២ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។ អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ ដោយលោកនាយកសាខា។ ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារបន្តឆ្នាំ ២០២៣ ។ ពិនិត្យ និងឆ្លងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២៣ ដើម្បីអនុម័ត និងអនុសាន៍ផ្សេងៗ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាដែលបានចំណេញពីការលក់សន្លឹកឆ្នោត ដល់អនុសាខាក្រុង ស្រុកទាំង ៨ និងថវិកាឧបត្ថម្ភប្រចាំខែរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុក៕