
Pfizer ចុះកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន៥.៣ពាន់លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ថ្នាំប្រឆាំងវីរុសសម្រាប់ព្យាបាលកូវីដ១៩ ដល់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន៥.២៩ពាន់លានដុល្លារអាមេរិក ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន១០លានវគ្គ ខណៈដែលប្រទេសនេះកំពុងប្រញាប់ប្រញាល់ចង់យកឈ្នះជំងឺដ៏កាចសាហាវនេះតាមរយៈការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាកិច្ចព្រមព្រៀងលើកទី ២ ហើយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយលើកទី ១ជាមួយក្រុមហ៊ុន Merck ។ ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer គឺមានតម្លៃ៥៣០ដុល្លារ ក្នុង១ឈុតគឺមានតម្លៃធូរថ្លៃ បើធៀបនឹងក្រុមហ៊ុន Merck គឺមានតម្លៃប្រហែល៧០០ដុល្លារក្នុង១ឈុត។
សូមជម្រាបថា ក្រុមហ៊ុន Pfizer នៅសប្តាហ៍នេះ បានស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់មួយ សម្រាប់ថ្នាំការពារជំងឺកូវីដ ១៩ ដែលមានឈ្មោះថា Paxlovid របស់ខ្លួន ក្រោយទិន្នន័យបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពរហូតដល់ទៅ ៨៩ ភាគរយ ក្នុងការកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ ឬស្លាប់ សម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់៕