លោក នួន រត្តនៈ ចេញលិខិតបំភ្លឺក្រោយមានការចុះផ្សាយថា លោក ភឹន ផល្លា ប្រើអំណាចរំលោភយកដីប្រជាពលរដ្ឋក្បែរយោធាវរៈ៣១ ការពារកោះឆ្នេរ

ខេត្តព្រះសីហនុ៖ លោក នួន រត្តនៈ តំណាងឲ្យលោក ភឹន ផល្លា បានចេញលិខិតបំភ្លឺចំនួនមួយច្បាប់ក្រោយមានការចុះផ្សាយថា លោក ភឹន ផល្លា បានប្រើអំណាចរំលោភយកដីប្រជាពលរដ្ឋក្បែរយោធាវរៈ៣១ ការពារកោះឆ្នេរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើយោងតាមលិខិតបំភ្លឺ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចុះហត្ថលេខាដោយលោក នួន រត្តនៈ តំណាងឲ្យលោក ភិន ផល្លា បានរៀបរាប់ថា កាលពេលថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយធ្វើឲ្យមានការភ័ន្តច្រឡំដល់សាធារណជន។

ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា ទីតាំងដីដូចដែលសារព័ត៌មានបានលើកឡើង គឺលោក ភឹន ផល្លា មានប័ណ្ណកម្មសិទ្ធិ និងមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់តាំងពីមុនដីនោះត្រូវបានកាត់ចូលអនុក្រឹត្យលេខ ៧៨ អនក្រ.បក ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ។

ខ្លឹមសារនៃលិខិតបន្តថា ក្រោយពីកាត់ចូលទៅក្នុងអនុក្រឹត្យ លោក ភឹន ផល្លា នៅតែបន្តគ្រប់គ្រងកាន់កាប់ដីនេះ ដោយបានដាំបង្គោលរបង កំណត់ព្រំដី ហើយកន្លងមកពុំមានលំនៅដ្ឋាន ឬផ្ទះសំបែងនៅលើដីនេះឡើយ។ ក្រោយពីបានកាត់ចូលអនុក្រឹត្យ ដើម្បីរក្សាទុកជាអាងទឹកស្អាតក្បាលឆាយ ហើយក្រោយមកក្រុមហ៊ុនអានកូទទួលបានធ្វើការវិនិយោគពីរាជរដ្ឋាភិបាល ដីរបស់លោកប្រមាណ ៧ហិកតា ក្នុងចំណោមផ្ទៃដីសរុបប្រមាណ ១២ហិកតា ត្រូវបានកាត់បញ្ចូលទៅជាទីតាំងទឹកស្អាត ហើយដីទំហំជិត ២ហិកតាទៀត ស្ថិតនៅក្នុង ស.ជ.ណ កោះឆ្នេរលេខ ៤១៤ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៤ (យោធាវរៈ៣១ ការពារកោះឆ្នេរ) ដូច្នេះដីដែលនៅសល់ប្រមាណ ២ហិកតាជាង ទៅ ៣ហិកតា លោក ភឺន ផល្លា បានស្នើសុំកាត់ឆ្កៀលដីចេញពីអនុក្រឹត្យទៅតាមទំហំជាក់ស្តែង ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិថ្មីស្របតាមច្បាប់។

ខ្លឹមសារនៃលិខិតបញ្ជាក់ថា ថ្មីៗនេះស្រាប់តែមានជនអនាធិបតេយ្យមួយចំនួនដែលមិនមានឯកសារកាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរភូមិ -ឃុំនោះ និងមិនដឹងច្បាស់លាស់សូម្បីដីរបស់ខ្លួននៅត្រង់ណា បានទន្ទ្រានលួចចូលមកសាងសង់ផ្ទះទាំងយប់ទាំងថ្ងៃអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០២២កន្លងទៅ ហើយលោក ភឺន ផល្លា ក៏បានប្តឹងទៅអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរបានចុះមកពិនិត្យទីតាំងដីជាក់ស្ដែង និងបានធ្វើការហាមឃាត់ជនទាំងនោះ។

ខ្លឹមសារនៃលិខិតបញ្ជាក់បន្ថែមថា ករណីដែលបានលើកឡើងថា លោក ភឹន ផល្លា បានប្រើកងកម្លាំងបំពានដីគ្រួសារយោធាវរៈ៣១ ការពារ កោះឆ្នេរនោះ គឺលោកពុំបានប្រើប្រាស់កម្លាំងអ្វី នោះទេ ចំពោះយោធាដែលស្លៀកពាក់ឯកសណ្ឋាននោះ គឺយោធាវរៈ៣១ ការពារកោះឆ្នេរ ដែលបានមកដកបង្គោលដែលដាំលើដីលោក ភឹន ផល្លា មុនពេលដែលភាគីទាំងសងខាងធ្វើការផ្ទៀងផ្ទាត់លើនិយាមការកំណត់ព្រំដី។ ប៉ុន្តែក្រោយពីធ្វើការផ្ទៀងផ្ទាត់ហើយឃើញថា ដីដែលនៅសល់នេះមិនស្ថិតនៅក្នុងនិយាមការ ស.ជ.ណ កោះឆ្នេរឡើយ ហើយគូភាគីក៏បានឯកភាពគ្នាទៅលើព្រំ និងទំហំដីដែលនៅសល់របស់លោក ភឺន ផល្លា មិនមានការជាន់គ្នា ឬត្រួតសុីគ្នាឡើយ។

ចំពោះករណីថា ប្រជាពលរដ្ឋប្តឹងលោក ភឹន ផល្លា គឺសុំទុកឲ្យសមត្ថកិច្ច អាជ្ញាធរជាអ្នកផ្តល់យុត្តិធម៌៕ អត្ថបទ៖ ទឹង សុភាព

សូមអានខ្លឹមសារទាំងស្រុងនៃលិខិតបំភ្លឺខាងក្រោម៖