អភិបាលក្រុងបាវិតចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ទួលអាង

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ ក្នុងតំបន់ទួលអាងជាង ២០ គ្រួសារ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។ អញ្ជើញអមដំណើរលោកអភិបាលក្រុងនាឱកាសនោះដែររួមមានលោក សាញ់ សាខុន ចៅសង្កាត់បាវិត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុងបាវិត លោកមេភូមិ និងក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងសហការី ។

ក្នុងឱកាសនោះដែរលោកអភិបាលក្រុងបាវិតក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អស់លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានក្រុងបាវិតដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសគឺការបំរើនូវសេវា សំនូមពរនិងសេវាតម្រូវការ ដែលបងប្អូនបានស្នើសុំនៅមូលដ្ឋាននាពេលកន្លងមកធ្វើយ៉ាងណាគឺចុះឲ្យដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដឹងពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោក លឹម សៀងហេង បានធ្វើការជំរុញឲ្យក្រុមការងារក៏ដូចជាមន្ត្រីជំនាញត្រូវចុះឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីរកមើលអ្នកដែលមិនទាន់មានកម្មសិទ្ធិ និងបានត្រៀមរៀបចំវាស់វែង ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានកម្មសិទ្ធិស្របច្បាប់ លើដីលំនៅឋានឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕