អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន១,៦៩៩លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ

ភ្នំពេញ ៖ តាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគយ និងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការ ចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយ និងរដ្ឋាករមួយចំនួន នៅទូទាំងប្រទេស នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ អគរ ប្រមូលចំណូលបានចំនួន៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១លានដុល្លារ គឺសម្រេចបាន៧១.៩% នៃផែនការ ឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%»។

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប), អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប), ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើ ផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប៕