យុវជនម្នាក់បានស្រែកទ្រហោយំខ្លាំងៗបង្កឧ្យមានការភ្ញាក់ផ្អើល ខណៈបងស្រីបង្កើតពីរនាក់រួមនិងសាច់ញាតិ បានមកដណ្ដើមសពម្តាយទៅធ្ធើបុណុ្យផ្ទុយពីបណ្តាំកាលម្តាយនៅរស់

ខេត្តព្រះសីហនុ៖ អាចចាត់ទុកថា ជារឿងចម្លែកថ្មីកម្របានជួបប្រទះ នៅពេលដែលឃើញយុវជនម្នាក់បានស្រែកទ្រហោយំយ៉ាងខ្លាំងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីបានមើលថែម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ហើយត្រូវបានបងស្រីបង្កើត និងសាច់ញាតិមកដឹកសពយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលផ្ទុយពីបណ្តាំម្តាយកាលពីនៅរស់ គឺចង់ឲ្យកូនប្រុសពៅឈ្មោះ ស៊ុន ជីវលី មានកាតព្វកិច្ចរៀបចំចាត់ចែងធ្វើបុណ្យសព ដើម្បីឧទ្ទិសផលបុណ្យជូនអ្នកម្តាយ និងលោកឪពុកបន្ទាប់ពីបានចែកឋានទៅ។

ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់(ស៊ុន វន្នី និង ស៊ុន វណ្ណា)ដែលកំពុងមានជម្លោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿងបែកផ្សែងផ្អើលពេញស្រុកស្ទឹងហាវ។

លោក ស៊ុន ជីវលី ដែលអះអាងថា ជាកូនពៅក្នុងគ្រួសារ ស្ថិតក្នុងស្ថានភាពស្លេកស្លាំង កោសក់ បានស្រែកទ្រហោយំ លាយឡំនឹងសម្រែកថា សូមអ្នកម្តាយអភ័យទោសឲ្យកូនផង ដែលកូនមិនអាចតាមបំរើអ្នកម្តាយ ជាពិសេសកូនពិតជាអសមត្ថភាព ដែលមិនអាចធ្វើតាមបណ្តាំអ្នកម្តាយ និងបំពេញបំណងអ្នកម្តាយបាន ព្រោះកូនមានតែម្នាក់ឯង ពុំមានប្រពន្ធកូន ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំង២នាក់ មានតែអ្នកដទៃទេដែលបានមកលើកទឹកចិត្ត តែពួកគាត់ពុំអាចជួយអ្វីដល់កូនបានឡើយ។

ផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញសារព័ត៌មាន ប្អូនប្រុស ស៊ុន ជីវលី បានឲ្យដឹងថា មុនម្តាយគាត់ទទួលមរណភាព រូបគាត់បានឲ្យលោកមេធាវី ឈុន ជ្រា ជួយធ្វើលិខិតបណ្តាំទុកជាភស្តុតាង ដោយធ្វើជាបណ្តាំទទួលមរតក និងការចាត់ចែងក្នុងពិធីបុណ្យ និងបណ្តាំជាសំឡេងផងដែរ ។

ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀន អាយុ៧៦ឆ្នាំ ដែលមានលំនៅដ្ឋានជាប់គ្នា បានរៀបរាប់ថា ក្នុងនាមគាត់ជាមនុស្សចាស់ក្នុងភូមិម្នាក់សូមនិយាយតែពាក្យពិត ព្រោះក្នុងរឿងនេះវាមិនល្អភ្នែកមើល ទាល់តែសោះ ព្រោះតាមគាត់ដឹងឮនឹងត្រចៀក ឃើញនឹងភ្នែករាល់ថ្ងៃគាត់ពិតជាអាណិត ជីវលីណាស់ ខ្លួនប្រុសមើលថែម្តាយរាប់សិបឆ្នាំ ដោយពុំដែលត្អូញត្អែរអ្វីឡើយ បំរើសព្វគ្រប់បែបយ៉ាងសូម្បីលាងអាចម៍ លាងនោមពុំខ្ពើមអ្វីឡើយ ឯបងស្រីទាំង២នាក់ យូរៗឃើញមុខម្តង ឯបងប្អូនសាច់ញាតិស្ទើរពុំដែលឃើញសោះឡើយ។ ហើយចំពោះបណ្តាំចុងក្រោយ គឺឈ្មោះ ហេង ម៉ាឡា ដែលបានស្លាប់នេះ បានធ្លាប់ប្រាប់គាត់ថា នៅពេលគាត់ស្លាប់ គាត់ឲ្យកូនពៅគាត់យកគាត់ទៅទុកនៅវត្ត និងឲ្យកូនពៅគាត់ជាអ្នកចាត់ចែង គាត់មិនចង់ទៅបញ្ចុះនៅវាលរេញទេ។

អ្នកស្រី រតនា អាយុប្ហែលរជាង៣០ឆ្នាំ ដែលបានអះអាងថា ជាបងធម៌របស់ ប្អូនប្រុស ស៊ុន ជីវលី បានរៀបរាប់ថា សែនអាណិត ជីវ លី ណាស់ គាត់ជាមនុស្សប្រុស បែរជាមានភារកិច្ចមើលថែម្តាយទាំងខ្លួននៅវ័យក្មេង ពេញសប្បាយ តែរូបគាត់បែរជាយកពេលវេលានោះមកថែទាំម្តាយ យ៉ាងល្អបំផុត ធ្វើឲ្យអារម្មណ៍គាត់អាណិតស្រលាញ់យ៉ាងខ្លាំង ហើយបានទទួលគាត់ធ្វើជាប្អូនធម៌។

អ្នកស្រីសង្ឃឹមនឹងជឿជាក់ថា ជីវលី នឹងមានអនាគតល្អ ព្រោះគាត់ជាក្មេងដែលគុណធម៌ ក្នុងការតបស្នងសងគុណឪពុកម្តាយ លោកស្រីជឿជាក់ថា វិញ្ញាណខក្ខបងស្រី ម្តាយជីវលីនឹងតាមថែរក្សាជីវលីជារៀងរហូត។ មានតែព្រលឹងបងស្រី ម្តាយជីវ លី ទេ ទើបដឹងថា អ្នកណាជាអ្នកមើលថែរគាត់រហូតដង្ហើមចុងក្រោយ។

ដោយឡែក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវដែលចុះដល់ទីតាំងកើតហេតុជាមួយលោក រស់ កី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ចំពោះរឿងរ៉ាវជម្្លោះដណ្តើមសពម្តាយនេះ លោកពុំបានអនុញ្ញាតឲ្យសពចេញពីលំនៅដ្ឋានទេ គឹយោងតាមការសាកសួរមតិភាគច្រើន ដែលបានមកពីសាចញាតិនៃសព ចំពោះរូបគាត់ពុំមានសិទ្ធិក្នុងសម្រេចនោះទេ ដោយឡែក លោក រស់ កីអធិការនគរបាលស្រុកស្ទឹងហាវ ក៏បានបញ្ជាក់ស្រដៀងគ្នានេះផងដែរ៕ ដោយ ៖ ទឹង សុភាព