តៃវ៉ាន់ព​ន្លឿ​ន​ការផលិត​យន្តហោះ​ចម្បាំង ខណៈ​ការគំរាមកំហែង​ពី​ចិន​កាន់តែខ្លាំង​

តៃប៉ិ ​៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កោតសរសើរ​លើ​កិច្ចសហប្រតិបត្តិការ​យោធា​តៃវ៉ាន់ ជាមួយនឹង​ទីក្រុង​វ៉ាស៊ីនតោន ខណៈដែល​លោកស្រី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ដំបូងបង្អស់​របស់ខ្លួន​ប្រភេទ F-16 ដែល​នេះ​បានបង្ហាញ​ពី​ភាពល្អប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​រវាង​កោះ​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក ហើយក៏​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ការពារ​កោះ​នេះ​ក្នុងអំឡុងពេល​ភាព​តានតឹង​កាន់តែ​កើនឡើង​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង​។​

ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន និង​អាមេរិក​ជា​ញឹកញាប់​នៅក្នុង​តំបន់ បាន​បង្កើន​ការភ័យខ្លាច​នៃ​ជម្លោះ​ដែល​អាច​កើតឡើង ដោយសារ​វិបត្តិ​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​លទ្ធិប្រជាធិបតេយ្យ ដែល​ទីក្រុង​ប៉េកាំង បាន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​នោះ​។​

ទន្ទឹម​នោះ លោកស្រី Tsai បាន​និយាយថា ការបង្ហាញ​កងអនុសេនាធំ​ដំបូង​នៃ​យន្តហោះ​ចម្បាំង F-16 ទំនើប​បំផុត​របស់ខ្លួន និង F-16V នៅឯ​មូលដ្ឋាន​ទ័ពអាកាស​មួយ​ក្នុង​ទីក្រុង Chiayi ភាគខាងត្បូង​កោះ​តៃវ៉ាន់ នោះ​គឺជា ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​តៃវ៉ាន់​-​សហរដ្ឋអាមេរិក​ក្នុង​ភាពជា​ដៃគូ​ផងដែរ​។​

សូមជម្រាបថា សហរដ្ឋអាមេរិក​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ណាមួយ​ជាមួយ​កោះតៃវ៉ាន់​នោះទេ ប៉ុន្តែ​ជា​ផ្នែក​គាំទ្រ​អន្តរជាតិ​ដ៏​សំខាន់​មួយ​របស់​កោះ​នេះ និង​ជា​អ្នកផ្គត់ផ្គង់​គ្រឿង​អាវុធ ស្របពេល​ភាព​តានតឹង​រវាង​ទីក្រុង​តៃប៉ិ និង​ទីក្រុង​ប៉េកាំង​កាន់តែ​អាក្រក់​ឡើងៗ​៕