ឃុំក្បាលរមាសទទួលបានផ្លូវក្រាលក្រួសក្រហម១ខ្សែសម្រាប់ជាខ្សែសង្វាក់ផ្សារភ្ជាប់សេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅឃុំក្បាលរមាសថា កាលពីមុនលំបាកក្នុងការធ្វើដំណើរ សូម្បីតែបរគោយន្តក៏ពិបាកដែរ ឥឡូវបានស្រួលហើយដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក ជាពិសេសក៏សូមអរគុណដល់រាជរដ្ឋាភិបាលផងដែរ ។

ជាក់ស្តែងផ្លូវក្រាលក្រួសសក្រហម១ខ្សែប្រវែង៦៥០០ម៉ែត្រត្រូវបានជួសជុលឡើងវិញជូនប្រជាពលរដ្ឋនៅភូមិស្រែស្រណុក ឃុំក្បាលរមាស រួចរាល់ជាស្ថាពរហើយ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ ដើម្បីធ្វើដំណើរចូលទៅកាន់តំបន់សេដ្ឋកិច្ចក្នុងឃុំមួយនេះ ហើយអាជ្ញាធរស្រុកបានសំណូមពរឲ្យរួមគ្នាថែរក្សារដើម្បីជាប្រយោជន៍រួមទាំងអស់គ្នាតទៅថ្ងៃមុខ ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១១ធ្នូក្នុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនេះថា នេះជាផ្លូវរបស់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ ព្រោះផ្លូវមួយខ្សែនេះឆ្លងកាត់ទៅដីស្រែចំការដែលបងប្អូនសម្រាប់ធ្វើការងារបង្កបង្កើនផល ក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។

លោក ដែង សំណាង តំណាងឲ្យប្រជាពលរដ្ឋរស់នៅឃុំក្បាលរមាសបានបង្ហាញពីទឹកចិត្តត្រេកអរថា កាលណាមានផ្លូវល្អយើងប្រើប្រាស់បានយូរអង្វែង ដឹករបស់របរ ចេញចូលទៅស្រែចំការក៏បានលឿន និងទាន់ពេលវេលា ។

សូមបញ្ជាក់ថា ផ្លូវក្រួសក្រហម១ខ្សែនេះ ជាផ្លូវអភិវឌ្ឍន៍ដែលក្រុមហ៊ុនវ៉ារីអគ្គិសនីសេសានក្រោមពីរបានសាងសង់ឡើងកាលពីឆ្នាំ២០១៦ ក្រោយមកក៏បានរងការខូចខាតធ្ងន់ធ្ងរនៅឆ្នាំ២០១៩ បង្កការលំបាកដល់កសិករក្នុងការចេញចូលទៅធ្វើស្រែចំការ ហើយដោយមានការសំណូមពរពីអភិបាលស្រុកទៅរាជរដ្ឋាភិបាល និងដោយមើលឃើញពីភាពលំបាក ទើបអាជ្ញាធរឃុំបានចំណាយថវិកាមូលនិធិឆ្នាំ២០២២ ដែលរាជរដ្ឋាភិបាលផ្តល់ជូន ធ្វើការជួសជុល និងកែលំអឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃផងដែរ៕ ម៉ាវិន