G7 សន្យាបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសដល់អ៊ុយក្រែន ខណៈរុស្ស៊ីបង្កើនការវាយប្រហារ

កៀវ៖ ក្រុមប្រទេស G7 បានសន្យាថានឹងបញ្ជូនជំនួយយោធាបន្ថែមឱ្យទីក្រុងកៀវ ដោយផ្ដោតជាសំខាន់លើប្រព័ន្ធអាវុធការពារដែនអាកាស ខណៈរុស្ស៊ី បង្កើនការបាញ់ផ្លោងមីស៊ីល កាំភ្លើង និងការវាយប្រហារដោយយន្ដហោះដ្រូន នៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការសន្យាខាងលើរបស់ក្រុមប្រទេស G7 ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយលោក ហ្សេលេនស្គី ដែលបាន អំពាវនាវអាវុធបន្ថែមក្នុងនោះរួមមាន រថក្រោះ កាំភ្លើងធំ និងប្រព័ន្ធអាវុធបាញ់រយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការវាយប្រហារបំផ្លិចបំផ្លាញពីសំណាក់រុស្ស៉ី។ បន្ថែមពីលើនេះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានជំរុញផងដែរឱ្យមេដឹកនាំ G7​ ដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គាំទ្រគំនិតរបស់លោកជុំវិញការកោះប្រជុំកិច្ចប្រជុំពិសេសមួយមានឈ្មោះថា Global Peace Summit ដើម្បីនាំសនិ្តភាពឱ្យអ៊ុយក្រែន។

សូមជម្រាបថា រុស្ស៊ីមកទល់នឹងពេលនេះនៅតែបន្តបដិសេធថាខ្លួនមិនមានគោលដៅលើជនស៊ីវិលនោះទេ ប៉ុន្តែការវាយប្រហាររបស់ទីក្រុងមូស្គូ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងប្រឈមមុខនឹងហានិភ័យជាច្រើន ក្នុងរដូវរងានេះ៕