អាជ្ញាធរជាតិអប្សរា និងសិស្សានុសិស្សជិត១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន មុនព្រឹត្តិការណ៍រំលឹកគុណអង្គរ

ខេត្តសៀមរាប៖ មុនពេលព្រឹត្ដិការណ៍រំលឹកគុណអង្គរឈានចូលមកដល់មួយថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមសិស្សានុសិស្ស សរុបចំនួនជិត១ពាន់នាក់ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណៈជន ក៍ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ឱ្យកូនខ្មែរជំនាន់ក្រោយ។

ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រាដែលមានមនុស្សចូលរួមជិតមួយពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណ ដល់បុព្វបុរសក៍ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ ព្រោះថាប្រាសាទអង្គរ ជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។

ឯកឧត្ដមបន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៍អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាងសង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យ ដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះ មានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៍ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។ ឯកឧត្ដមថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រឹលឹងរបស់ខ្មែរមានច្រើនមហិមា មានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំមកហើយ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយ ត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ឱ្យបានគង់វង្ស។

សូមជម្រាបផងដែរថា ពិធីដង្ហែក្បួននេះ ចាប់ផ្តើមឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៍ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម៕