ប្រកាសចូលកាន់តំណែងអភិបាលថ្មី ស្រុកបន្ទាយមាស ខេត្ដកំពត, លោក នូ ច័ន្ទដា ជំនួស លោក ស៊ីវ ផេង

ខេត្តកំពត៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង អភិបាលថ្មីនៃស្រុកបន្ទាយមាស លោក នូ ច័ន្ទដា អតីតប្រធានច្រកចេញចូលរដ្ឋបាលខេត្តកំពត ជំនួសលោក ស៊ីវ ផេង ដែលត្រូវតែងតាំងជាអភិបាលរងខេត្តកំពត។

យោងតាមអនុក្រឹត្យលេខ ១០២៤ អនក្រ.តត ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំង លោក នូ ច័ន្ធដា ឋានន្តរស័ក្តិមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានគូសរំលេចថា មន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្ត ឲ្យយល់អំពីការប្រើប្រាស់អំណាច និងតួនាទីរបស់ខ្លួន ពិសេសសម្រាប់មន្ត្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំសង្កាត់ មេប៉ុស្តិ៍ និងស្មៀនឃុំទាំងអស់ ដើម្បីធ្វើយ៉ាងណាបម្រើពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ និងប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អំណាចចែកចេញជាពីរ គឺទី១៖ អំណាចជាភ្លើង និងទី២៖ អំណាចជាទឹក ហើយមន្ត្រីដែលរាជរដ្ឋាភិបាលមានទំនុកចិត្ត ដែលបានប្រគល់អំណាចជូននោះ គឺត្រូវចេះប្រើអំណាចទាំងពីរនេះ ឲ្យបានសមស្រប ហើយត្រូវដឹងថាពេលណាត្រូវប្រើអំណាចជាភ្លើង ពេលណាត្រូវប្រើអំណាចជាទឹក ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ ឬការមិនពេញចិត្តពីប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តម ម៉ៅ ធនិន គូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីត្រូវតែបម្រើរាស្ត្រ ហើយមិនត្រូវយកតួនាទីដែលបានមកពីរាស្ត្រ តាមរយៈរាជរដ្ឋាភិបាល មកធ្វើឲ្យរាស្ត្រមានភាពឈឺចាប់ ឬបង្កការលំបាកណាមួយដល់រាស្ត្រនោះទេ។ ហាមដាច់ខាត មិនឲ្យមន្ត្រីណាមួយ យកតួនាទី ដើម្បីធ្វើអាជីវកម្ម ឬបម្រើប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ មន្ត្រីត្រូវតែធ្វើខ្លួន ជាអ្នកជួយ ជាអ្នកសង្គ្រោះរាស្ត្រ ហើយត្រូវមើលពីគំរូរបស់សម្តេចតេជោ ដែលលោកហ៊ានយកទាំងជីវិតទៅប្តូរយកសន្តិភាព ដើម្បីរាស្ត្រ និងដើម្បីប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា បើមន្ត្រីណាដែលបានដឹងខ្លួនថា ធ្លាប់មានឥរិយាបថ ឬធ្វើមិនសមរម្យពីមុនមក សូមធ្វើការកែប្រែពីឥឡូវនេះតទៅ។ ហើយបើមន្ត្រីណា រាប់ចាប់ពីស្មៀនឃុំ-សង្គាត់ មេប៉ុស្តិ៍ឡើងទៅ បើដឹងខ្លួនថា មិនអាចអនុវត្តភារកិច្ច តួនាទីបានត្រឹមត្រូវទេនោះ អាចដាក់ពាក្យសុំលាឈប់បាន៕ ដោយ ៖ ទ្រី ហៀន