១១ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៣ ២០០លានដុល្លារ លើសផែនការ ១៤ភាគរយ

ភ្នំពេញ៖ រយៈពេល ១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ៣ ២១៤.០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ៦៤៨.១៧ លានដុល្លារស្មើនឹង ២៥.២៩%។

ការបញ្ជាក់ពីកំណើននៃការប្រមូលចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុសនូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែគោរពប្រតិបត្តិតាមអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ព្រមទាំងអភិក្រមការងារ ៤ ប្រការ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង ៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង»។

ឯកឧត្តមបានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។

សូមជម្រាបថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ៣ ៥៧១.៧០លានដុល្លារ កើនឡើង ២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)៕