ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ជាការជំរុញឱ្យមានការប្រែមុខមាត់តំបន់សមុទ្រកម្ពុជា

ខេត្តព្រះសីហនុ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា​ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

ឯកឧត្ដម ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Louis THEBAULT ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមានគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។

ឯកឧត្ដម ជា សុផារ៉ា បានថ្លែងថា ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតលើពិភពលោកនេះបានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ ពិសេសខេត្តព្រះសីហនុដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា «តំបន់សេដ្ឋកិច្ចពហុបំណង»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គមហាសនិ្នបាតដែលបានអនុម័តដាក់ចេញធម្មនុញ្ញឆ្នេរ (Charter of Bay) ពិសេសបានដាក់បញ្ចូលនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនឹងក្លាយជាឯកសារគោលដ៏សំខាន់សម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានាក្នុងការធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យមានការអនុវត្តឱ្យបានហ្មតចត់នូវធម្មនុញ្ញឆ្នេរនេះ ដោយត្រូវយកចិត្តទុកដាក់ជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងតំបន់ ឆ្លើយតបទៅនឹងទស្សនទាន «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងអភិរក្សធនធានសមុទ្រ និងថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ ដោយជំរុញឱ្យមានការផ្តោះប្តូរ និងចែករំលែកបទពិសោធន៍រវាងឆ្នេរសមាជិកក្លិបទៅវិញទៅមកផងដែរ។

ចំពោះកម្ពុជាដើម្បីជំរុញដំណើរការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាតំណាងឆ្នេរសមុទ្រកម្ពុជា រួមទាំងអភិបាលខេត្តជាប់តំបន់ឆ្នេរទាំង៤ យកអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងពិធីក្នុងបើកមហាសន្និបាត និងលទ្ធផលនៃមហាសន្និបាតទៅអនុវត្តក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងរៀបចំជាសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពាក់ព័ន្ធការកំណត់ឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរសមុទ្រប្រចាំឆ្នាំ ព្រមជាមួយការងារមួយចំនួនទៀត ដែលសម្តេចបានលើកជាអនុសាសន៍ក្នុងពិធីបើកមហាសន្និបាត ដើម្បីស្នើសុំការពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវការ។

ឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់ទៀតថា ក្នុងនាមអគ្គលេខាធិការក្លិបសម្រាប់អាណត្តិ (២០២៣-២០២៥) កម្ពុជានឹងខិតខំបំពេញបេសកកម្មមួយនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានក្លិប រួមជាមួយកិច្ចសហការផ្សេងៗរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមាជិកផ្សេងទៀត ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់នាពិធីបើកមហាសន្និបាតអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការធ្វើជាលេខាធិការដ្ឋានក្លិបនេះ។

គួរជម្រាបថា ឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លិបឆ្នេរនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕ ដោយ ៖ ទឹង សុភាព (ប្រភព៖ ក្រសួងទេសចរណ៍)