ក្នុងពេលបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យ មានភ្ញៀវទេសចរជាង១លាន១សែននាក់ចេញដើរកម្សាន្ត

ភ្នំពេញ ៖ រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន ៖

– រាជធានីភ្នំពេញ ២០៣,៤៥៤នាក់

– ខេត្តព្រះសីហនុ ១៤៥,០៤២នាក់

– ខេត្តសៀមរាប ១៤១,២១៩នាក់

– ខេត្តកំពត ១០២,១៦៧នាក់

– ខេត្តកែប ៩២,៥៣៨នាក់

– ខេត្តពោធិ៍សាត់ ៧៥,៥៧៨នាក់

– ខេត្តបាត់ដំបង ៥៦,៦៧៩នាក់

– ខេត្តកំពង់ស្ពឺ ៥០,៩៦០នាក់

– ខេត្តមណ្ឌលគិរី ៤០,៩១៧នាក់

– ខេត្តកណ្តាល ៤០,២០៦នាក់

– ខេត្តកោះកុង ៣៨,៦៥០នាក់

– ខេត្តរតនគិរី ៣១,៤៥៧នាក់។

ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១១,១៤៧នាក់។

ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះបានបង្ហាញថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។

ទោះបីចំនួនភ្ញៀវទេសចរមានសន្ទុះខ្លាំង ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវាកម្ម និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន៕