គ្រូបង្វឹក​បារាំង​ថា​ ខ្សែការពារ​ម៉ា​រ៉ុ​ក​ឈរ​លំដាប់​កំពូល​នៅ World Cup 

ដូហា៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Deschamps បាន​ហៅខ្សែការពារ​ក្រុម​ម៉ា​រ៉ុ​កថា​ល្អ​បំផុត​នៅ World Cup នេះ មុន​ការប្រកួត​យប់​នេះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ម៉ា​រ៉ុ​ក​គិត​មកដល់ពេលនេះ​របូត​គ្រាប់​តែមួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​មួយ​គ្រាប់​នោះ​គឺជា​គ្រាប់​ចូល​ទី​ខ្លួនឯង​ទៅទៀត នៅ World Cup ឆ្នាំនេះ តែ​លោក Didier Deschamps បាន​សង្កត់ធ្ងន់ថា ​បារាំង​នឹងមាន​ដំណោះស្រាយ​ដើម្បី​ជំនះ​ជញ្ជាំង​របស់​ម៉ា​រ៉ុ​ក​។ ​​“​ខ្ញុំ​គិតថា ​ខ្សែការពារ​ម៉ា​រ៉ុ​ក​ល្អ​ជាង​ក្រុម​ណាៗ​ទាំងអស់ ពួកគេ​រៀបចំ​បានល្អ ពួកយើង​បានធ្វើ​ការវិភាគ​ការប្រកួត​របស់​ពួកគេ​កន្លងមក តែ​មិនមែន​បានន័យថា​យើង​ដើរ​ដល់​ផ្លូវ​ទាល់​ទេ អ្វីៗ​តែងតែមាន​ដំណោះស្រាយ ”​។

​​បុរស​ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ លើក​ពាន​បាល់ទាត់​ពិភពលោក​ទាំង​ពេល​ជា​កីឡាករ និង​គ្រូបង្វឹក​រូបនេះ​បាន​បន្តថា​៖ “​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ថា ការប្រកួត​នឹងមាន​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ច្រើន ពួកគេ​ពិតជា​មាន​មោទនភាព ដូច្នេះ​ពួកយើង​ត្រូវតែ​ប្រុងប្រយ័ត្ន កុំ​គិតថា​ក្រុម​ខ្លួនឯង​មានប្រៀប រឺ​ជា​ក្រុម​ដែល​គេ​រំពឹង​ឈ្នះ​”​។ ​​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​រាត្រី​នេះ​ នឹងត្រូវ​បន្ត​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​ដែល​បាន​យកឈ្នះ​ក្រូ​អាស៊ី ៣-០ ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែធ្នូ​នេះ​នៅ​កីឡដ្ឋាន Lusail។

សូមជម្រាបថា ក្រុម​ក្រុម​ជម្រើសជាតិ​បារាំង នឹងត្រូវ​ប៉ះ​ម៉ា​រ៉ុ​ក នា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​នេះ​ឈានចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែធ្នូ (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​ប្រទេស​កាតា​។​៕