ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួបបំពេញការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើននៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក។ វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ឱ្យមានការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន ជាពិសេសទិសដៅនានាដែលបានពិភាក្សា និងឯកភាពនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហព័ន្ធរុស្ស៊ីកាលពីឆ្នាំ២០១៩ និងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២១ កន្លងទៅ៕