ខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃកម្ពុជា ជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមស្មារតីកំណត់ហេតុកិច្ចប្រជុំលើកទី ១៣ ខេត្តស្ទឹងត្រែងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី១៤ ស្ដីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយខេត្តចំប៉ាសាក់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង ដោយភាគីខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំប្រតិភូ ដោយ ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្ត និងភាគីខាងខេត្តស្ទឹងត្រែង នៃកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង សហប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្ត ទាំងពីរ (ស្ទឹងត្រែង-ចំប៉ាសាក់) ឲ្យបានកាន់តែល្អប្រសើរ ភាគីទាំងពីរ និង ដោយពិនិត្យលើលទ្ធផលនៃការចាត់តាំងអនុវត្តកំណត់ហេតុ លើកទី១៣ ដែលបានដាក់ចេញរួមគ្នារវាងប្រតិភូជាន់ខ្ពស់ខេត្តទាំងពីរ នាពេលកន្លងមក បានសបញ្ជាក់ឲ្យឃើញថា ខេត្តស្ទឹងត្រែង និង ខេត្តចំប៉ាសាក់ បានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសជាតិទាំងពីរ ។

ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរព្រមព្រៀងគ្នារក្សាស្ថានភាពដើមរហូតដល់គណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវ បានបោះបង្គោលព្រុំខណ្ឌសីមារវាងប្រទេសកម្ពុជា(កម្ពុជា_ឡាវ-ឡាវ_កម្ពុជា ) ជាផ្លូវការបន្ទាប់ពីមានការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ក៏នឹងបានព្រមព្រៀងគ្នាបន្តផ្លាស់ប្តូរព័ត៌មានចាំបាច់សំខាន់ៗ ដែលពាក់ព័ន្ធលើសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងការអភិវឌ្ឍន៍សង្គមឲ្យបានទាន់ពេលវេលាទៅវិញទៅមកជាប្រចាំ។ ភាគីទាំងពីរបានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ ក៏ដូចជាអំពើភេរវកម្មការជួញដូរមនុស្សឆ្លងដែន ការដឹកជញ្ជូនទំនិញខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធជាតិផ្ទុះ ការនាំចូល និងប្រើប្រាស់រូបិយប័ណ្ណក្លែងក្លាយ ការជួញដូរឈើខុសច្បាប់ និងការកាប់បំផ្លាញធនធានធម្មជាតិជាដើម ។

ក្នុងឱកាសបិទកិច្ចប្រជុំទ្វេភាគីលើកទី១៤ ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមារដែល កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន និងសកម្មបំផុត ប្រកបដោយឆន្ទៈ មានស្មារតីទទួលខុសត្រូវខ្ពស់ ដែលឈានចេញពីមូលដ្ឋាន នៃសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការល្អក្នុងការរួមគ្នាពង្រឹងនូវសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍សភាពការណ៍ និងកិច្ចការការពារផលប្រយោជន៍របស់ប្រជាជនរហូតឈាន ទៅដល់ការសម្រេចបានជោគជ័យនូវសមិទ្ធិផលជាច្រើនរវាងខេត្តទាំងពីរ ស្ទឹងត្រែង-ចំប៉ាសាក់ ឲ្យកាន់តែមានចំណងមិត្តភាព សាមគ្គីភាព និងលើកកម្ពស់ការអភិវឌ្ឍន៍រវាងខេត្តស្ទឹងត្រែង នៃកម្ពុជា និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ផឹកទឹកទន្លេរួមគ្នា និង មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ នៃការរស់នៅរបស់ប្រជាជនទាំងពីរភាគីប្រហាក់ប្រហែលគ្នា តាំងពីយូរលង់ណាស់មកហើយ ៕ ម៉ាវិន