៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបមានភ្ញៀវទេសចរទៅលេងកម្សាន្តជាង៧ម៉ឺន៥ពាន់នាក់

ខេត្តកែប ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨ -២០ ខែវិច្ឆិកា ឆ្នាំ ២០២១ គោលដៅឆ្នេរសមុទ្រ និងកោះនៅក្នុងខេត្តកែបមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ គឺមានចំនួនដល់ទៅជាង៧៥,០០០នាក់ឯណោះ ពោលគឺឈរលើលំដាប់ទី៥ ក្នុងចំណោមរាជធានី-ខេត្តដែលមានភ្ញៀវចូលទស្សនាច្រើនជាងគេ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យដឹងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ៧៥,៨៦៥នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង ១០០.៦៧% ភ្ញៀវទេសចរ ជាតិមាន ចំនួន ៧៥,១៩៨នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង ១០០.២១% និងភ្ញៀវទេសចរ បរទេស មានចំនួន ៦៦៧នាក់ ធៀបនឹងឆ្នាំ២០២០ កើនឡើង១៧០% ។ សម្រាប់មធ្យោបាយធ្វើដំណើររថយន្តសរុបចំនួន៩,១៣៩គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៥,៥២៧គ្រឿង រថយន្តមធ្យមចំនួន៣,៥២៦គ្រឿង និងរថយន្តធំចំនួន៨៦គ្រឿង ។

ឯកឧត្តមបន្តថា ក្នុងភូមិសាស្ត្រខេត្កកែប មានស្ថានភាពល្អប្រសើរណាស់ ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិផងដែរ ពោលគឺមិនមានគ្រោះថ្នាក់ ឬឧប្បត្ដិហេតុអ្វីកើតឡើងជាយថាហេតុគួរឲ្យកត់សម្គាល់នោះឡើយ៕ ដោយ ៖ ទ្រី ហៀន