
៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារ ស្មើ៩៤.១២%
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០២១ និងត្រីមាសទី៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធ អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨,៥៤៩.៩០ប៊ីលានរៀល (ប្រមាណជា ២,១១១.០៩លានដុល្លារ) ស្មើនឹង ៩៤.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៥៥០.២២ ប៊ីលានរៀល (ប្រមាណជា១៣៥.៨៦លានដុល្លារ) ស្មើនឹង-៦.០៥%៕