ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកាយោធាដ៏មហិមា បំបែកកំណត់ត្រាថ្មី

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ បំបែកកំណត់ត្រាថ្មីមួយ ដល់ទៅ ៨៥៨ពាន់លានដុល្លារ ពោលគឺលើស ៤៥ពាន់លានដុល្លារ នៃកញ្ចប់ថវិកាយោធាស្នើឡើងដោយលោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កញ្ចប់ថវិកាយោធា ៨៥៨ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងការចំណាយនានា រួមមាន ៤.៦ភាគរយជាប្រាក់បៀវត្សរ៍សម្រាប់កងទ័ព ទិញអាវុធ នាវាចម្បាំង និងយន្ដហោះចម្បាំង ព្រមទាំងគាំទ្រដល់តៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងចិន និងអ៊ុយក្រែនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

កញ្ចប់ថវិកាយោធាខាងលើដែលស្ថិតច្បាប់ National Defense Authorization Act ឬហៅកាត់ថា NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៣ ទល់នឹង១១សំឡេង ជំទាស់ ហើយតាមរយៈការអនុម័តនេះទៀតសោត ក៏មានបញ្ចូលទាំងការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជួរយោធាអាមេរិកផងដែរ។ មួយវិញទៀត ដោយសារតែកញ្ចប់ថវិកានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក កាលពីសប្ដាហ៍មុនរួចហើយនោះ NDAA នឹងត្រូវបញ្ជូនបន្តទៅកាន់ សេតវិមានជាទីដែលលោក បៃដិន ត្រូវបានគេរំពឹងខ្ពស់ថានឹងចុះហត្ថលេខាភ្លាមៗ៕