កូរ៉េខាងជើងធ្វើតេស្តដំណាក់កាលចុងក្រោយក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា 

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដដំណាក់កាលចុងក្រោយ និងដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា ដែល ទីក្រុងព្យុងយ៉ាងមានផែនការបញ្ចប់ទាំងស្រុងនៅខែមេសា ឆ្នាំ២០២៣។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាម KCNA​ រាយការណ៍ថា រដ្ឋបាលអភិវឌ្ឍទីអវកាសជាតិរបស់កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដខាងលើ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ស្ថិតនៅក្នុងតំបន់ឆុលសាន (Cholsan) នៃខេត្តព្យុងហ្កាន់ ខាងជើង (North Pyongan)។

KCNA បន្ថែមទៀតថា រ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូលទាំងកាម៉េរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍គ្រប់គ្រង និងស្ដុកថ្ម ជាមួយការបាញ់បង្ហោះក្នុងរយៈកម្ពស់៥០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះទៀតសោត ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យលើសមត្ថភាព ផ្តិតយករូបភាពរបស់ផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី ហើយជាមួយគ្នានោះដែរ KCNA ក៏បានបញ្ចេញរូបភាពទីក្រុងសេអ៊ូល និងទីក្រុង អ៉ីនឆ័នរបស់កូរ៉េខាងត្បូងដែលថតដោយផ្កាយរណបនេះផងដែរ៕