Hun Sen Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រកួតនៅថ្ងៃនេះ បឹងកេត ប៉ះវិសាខា ខណៈស្វាយរៀង ជួបភ្នំពេញក្រោន

ភ្នំពេញ ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រកួតនារសៀលថ្ងៃទី២២ ខែវិច្ឆិកានេះហើយ ដោយក្រុមបឹងកេត ត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកវិសាខា ខណៈអតីតក្រុមជើងឯក៤សម័យកាលព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមទើបគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ ភ្នំពេញក្រោន។

ដោយសារវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវប្រកួតតែ ១ជើង ដើម្បីកំណត់ក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានរៀបចំការចាប់ឆ្នោតកំណត់ទឹកដីកណ្ដាល សម្រាប់ការប្រកួតនីមួយៗ ។ ជាលទ្ធផល ក្រុមបឹងកេត បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះស្វាគមន៍វិសាខា នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាម៉ោង៣រសៀលនេះ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមភ្នំពេញក្រោន នាម៉ោង៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង៕