ទាហានជើងទឹកថៃ ៣៣នាក់ បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿង

បាងកក៖ យោធារបស់ប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមស្វែងរក ទាហានម៉ារីន ៣៣ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីនាវាចម្បាំងមួយគ្រឿង បានលិច ក្នុងដែនទឹកក្នុងឈូងសមុទ្រថៃ។

នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ​ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។

នាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) ជាប្រភេទនាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក ហើយបើតាមអ្នកទាំងកងទ័ពជើងទឹកថៃ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិចតែម្ដង។

ក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់ដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើ នាវចម្បាំងខាងលើ ខណៈ៣៣នាក់ទៀតបាត់ខ្លួន៕