សម្តេចតេជោ ប្រាប់ឯកអគ្គរដ្ឋទូត ចប់អាណត្តិការងាររបស់អូស្ត្រាលីថា សិទ្ធិរស់រានមានជីវិត ជាអាទិភាពសម្រាប់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិការងារនៅកម្ពុជា លោក ប៉ាប្លូ កាង ថា សិទ្ធិរស់រានមានជីវិត គឺជាអាទិភាពដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតនោះទេ ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន បានការគូសរំលេចពីអាទិភាពនៃការរស់រៀនមានជីវិតក្នុងនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក ប៉ាប្លូ កាង ជួបជម្រាបលាគ្រាដែលរូបបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក Pablo Kang បានសម្ដែងនូវក្ដីរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីបេសកកម្មការទូតរបស់ ឯកឧត្តម ស្ថិតក្នុងកំឡុងពេលមានជំងឺកូវីដ១៩ក៏ដោយ ឯកឧត្តម បានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការជំរុញ ការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង លើវិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី។

ក្នុងឱកាសនោះដែរលោក Pablo Kang ក៏បានគោរពសម្ដែង នៅការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ លោក Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំងកូវីដ១៩ ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ដែលសិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រៀនមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ ។

ជាក់ស្តែងដូចជាការអនុញ្ញាតឲ្យចុះចតកប៉ាល់ Westerdam ចូលចត ជាសក្ខីភាពដែលកម្ពុជា ចាត់ទុកសិទ្ធិរស់រានមានជីវិតសំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ Westerdam ចុះចតទេនោះ មិនដឹងជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណានោះទេ ដែលនៅពេលដែលប្រទេសជាច្រើនមិនឱ្យកប៉ាល់នោះចូលចត៕