AFF Mitsubishi Electric Cup៖ កម្ពុជាទទួល ៣ពិន្ទុ ក្នុងជំនួបបើកឆាកពូល A

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 ក្រោយយកឈ្នះក្រុមភ្ញៀវហ្វីលីពីន ៣-២  នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជំនួបបើកឆាកពានរង្វាន់ប្រចាំតំបន់នេះ ២០នាទីដំបូង ក្រុមគោព្រៃកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ មុនកីឡាករហ្វីលីពីន Kenshiro Michael Lontok Daniels រកបាន ១គ្រាប់វិញ នៅនាទី៤១ ។

ចូលវគ្គទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែល Kenshiro Michael Lontok Daniels បានធ្វើសម្រេចគ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះ ២-២ វិញ នៅនាទី៥៥ ។ ប៉ុន្ដែកីឡាករ រ៉ឹង ប៊ុនហៀង បានបន្ថែមគ្រាប់នាំមុខជាថ្មីឲ្យកម្ពុជាវិញ នៅនាទី៥៩ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា បានយកឈ្នះហ្វីលីពីន ៣-២ ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន មុនធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូខាងមុខ ។ បន្ទាប់មកទើបកម្ពុជាត្រូវបើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិប៊្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕