ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសបើកការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ករណីវាយកម្ទេចកុដិបុរាណចំនួន៣នៅវត្តឧណ្ណាលោម

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង លេខ ៣៨ ស.ជ.ណ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្តីពីករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ដែលមានទីតាំងស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសថា ករណីវាយកម្ទេចកុដិបុរាណចំនួន៣ (លេខ៤៣ , ៤៤ , ៤៥)ដែលបានកសាងនាអំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់៕