រុស្ស៊ី បញ្ជូន​នាវា​ដឹក​ប្រេង៤គ្រឿង​ទៅ​អាមេរិក ដើម្បី​ជួយ​កាត់បន្ថយ​វិបត្តិ​ប្រេងឥន្ធនៈ​

ម៉ូស្គូ ​៖ យោងតាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​តាមដាន​ទំនិញ​ថាមពល Vortex បានឲ្យដឹងថា នាវា​ដឹក​ប្រេង​របស់​ប្រទេស​រុស្ស៊ី​ចំនួន៤គ្រឿង​ដែលមាន​ផ្ទុក​ទៅដោយ​ប្រេងម៉ាស៊ូត​ចំនួន ២ លាន​បារ៉ែល បានចេញ​ដំណើរ​ទៅកាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។

ការបញ្ជូននាវានេះផងដែរ បានធ្វើឲ្យបណ្ដា​ប្រទេស​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការដឹកជញ្ជូន​ប្រេង​ដ៏​ច្រើន​សម្បើម​របស់​រុស្ស៊ី ទៅកាន់​ប្រទេស​មហាអំណាច​ពិភពលោក​គឺ សហរដ្ឋអាមេរិក នេះ​។​

ដោយឡែក ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki មិនបាន​ផ្តល់ព័ត៌មាន​ឲ្យ​ជាក់លាក់​ណាមួយ​ពី​ចំណាត់ការ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោកស្រី បញ្ជាក់ថា អាមេរិក ពិតជា​បាន​ទាក់ទង​ជាមួយ​មន្ត្រី និង​មេដឹកនាំ​ជាច្រើន រួមទាំង​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត ដែលជា​ប្រទេស​ផលិត​ប្រេង ទាក់ទង​នឹង​ការធានា​ឲ្យ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដល់​អា​មេ​រិ​ផងដែរ​។​

សូមជម្រាបថា នាពេល​ថ្មីៗ​នេះ ទីក្រុង វ៉ាស៊ីនតោន បាន​ព្យាយាម​ធ្វើឱ្យ​តម្លៃ​លក់រាយ​របស់​ប្រេងឥន្ធនៈ​មានការ​ធ្លាក់ចុះ បន្ទាប់ពី​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ តម្លៃ​ប្រេង​នៅ​ជុំវិញ​ពិភពលោក​មានការ​ឡើង​ថ្លៃ​ខ្លាំង​ដល់​កម្រិត​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ ២០១៤ មក ៕