ស៊ី ជិនពីង ប្រកាសពីឆន្ទៈផ្សះផ្សារទំនាក់ទំនងចិន-អូស្រ្តាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា រូបលោកផ្តល់សារសំខាន់ជាខ្លាំង ទៅលើការការអភិវឌ្ឍទំនាក់ទំនង រវាងចិន និងអូស្រ្តាលី ហើយលោកនឹងខិតខំព្យាយាមលើកកម្ពស់វាឱ្យក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ស៊ី បានលើកឡើងដូចខាងលើក្នុងសារលិខិតមួយ ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) ដែលចេញផ្សាយនាថ្ងៃពុធនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងឱកាសអបអរខួបទី៥០ នៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីចិនបាននិយាយដូច្នេះថា «ខ្ញុំផ្តល់សារសំខាន់យ៉ាងធំធេង ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-អូស្រ្តាលី ហើយខ្ញុំស្ម័គ្រចិត្តធ្វើការជាមួយភាគីអូស្រ្តាលីលើ​បញ្ហានេះ»។

សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) កំពុងស្ថិតនៅទីក្រុងប៉េកាំង បន្ទាប់ពីទទួលបាន​ការអញ្ជើញមកឱ្យបំពេញទស្សនកិច្ច។ ការអញ្ជើញឱ្យធ្វើទស្សនកិច្ចនេះ ត្រូវបានមើលឃើញថា ជាសញ្ញាមួយដែលបង្ហាញអំពី ឆន្ទៈរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើប្រាស្រ័យទាក់ទងគ្នាឡើងវិញ ក្នុងកិច្ចពិភាក្សាការទូតជាមួយអូស្រ្តាលី ក៏ដូចជាបង្ហាញពីលទ្ធភាពនៃការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ដែលទីក្រុងប៉េកាំងបានដាក់មកលើ ទីក្រុងកង់បេរ៉ា៕