
Aguero សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយសារបញ្ហាបេះដូង
បរទេស ៖ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ដោយសារតែគាត់មានបញ្ហាជំងឺបេះដូង។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានឈឺដើមទ្រូងនិងដង្ហើមខ្លីក្នុងការប្រកួត La Liga របស់ក្រុមរបស់គាត់ជាមួយ Alaves កាលពីខែមុន ហើយដំបូងឡើយត្រូវបានគេរាយការណ៍ថានឹងត្រូវសម្រាកព្យាបាលរយៈពេល ៣ខែបន្ទាប់ពីការពិនិត្យបេះដូងរួច។
Aguero មិនត្រូវបានគេជឿថានឹងពិចារណាចូលនិវត្តន៍ក្នុងនាមជាកីឡាករអាជីពនោះទេ ប៉ុន្តែឥឡូវអតីតខ្សែប្រយុទ្ធ Manchester City បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ដោយសារបញ្ហាសុខភាពរបស់គេ។
យោងតាមអ្នកកាសែត Gerard Romero បានឲ្យដឹងថាការចូលនិវត្តន៍របស់ Aguero នឹងត្រូវបានប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយ ខណៈការសរសេរនៅលើ Twitter ថា “Kun Aguero ចូលនិវត្តន៍។ បញ្ហាបេះដូងបង្ខំឱ្យគាត់ចាកចេញពីបាល់ទាត់។ នៅសប្តាហ៍ក្រោយ សន្និសីទសារព័ត៌មានមួយគ្រោងនឹងប្រកាសពីការដកខ្លួនរបស់គាត់” ។
សូមជម្រាបថា Aguero បង្ហាញខ្លួនបានតែ ៥ប្រកួតប៉ុណ្ណោះសម្រាប់ Barcelona នៅរដូវកាលនេះ ដោយសារតែរបួសកំភួនជើង មុននឹងចូលនិវត្តន៍ដោយស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះសម្រាប់ Barca ក្នុងការប្រកួត El Clasico ក្រោយចាកចេញពី Manchester City ៕