អង្គការដៃគូអភិវឌ្ឍន៍ជំរុញឲ្យប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង ចូលរួមអភិរក្សស្រូវត្រយ៉ង ដើម្បីលើកកម្ពស់ជីវភាពក្នុងសហគមន៍

ខេត្តស្ទឹងត្រែង៖ អង្គការដៃគូអភិវឌ្ឍន៍ រួមនិងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង រៀបចំទិវាកសិករក្នុងគោលបំណងបង្ហាញពីលទ្ធផល គម្រោងសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង ក្រោមកិច្ចសហការរវាងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក និងរដ្ឋបាលខេត្តស្ទឹងត្រែង ។ កម្មវិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ក្រោមអធិបតីឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងខេត្ត លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន និងលោក ផាន់ យុត អភិបាលស្រុកសៀមប៉ាងផងដែរ ។

លោក ម៉ាក់ សុភាព ប្រធានគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង)បានឲ្យដឹងថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង គឺជាគម្រោងមួយដើម្បីលើកកំពស់ជីវភាពសហគមន៍ នៅជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង និងជម្រុញឲ្យកសិករទាំងនោះ ចូលរួមក្នុងការអភិរក្ស ។ តាមរយៈគម្រោងនេះ កសិករបានចុះកិច្ចសន្យាលក់ស្រូវក្នុងតំលៃពិសេស បានន័យថាខ្ពស់ជាងទីផ្សារចាប់ពី៥០%ឡើងទៅ ដោយគាត់យល់ព្រមក្នុងលក្ខណដូចនេះ ទី(១)មិនបរបាញ់សត្វព្រៃ ទី(២)មិនកាប់ឈើដោយខុសច្បាប់ ទី(៣)មិនទន្ទ្រានដីព្រៃដោយខុសច្បាប់ ទី(៤)មិនប្រើប្រាស់ជីគីមី ឬថ្នាំពុលគីមីសំលាប់សត្វល្អិត និងស្មៅ ឬសត្វព្រៃជាដើម ។

លោកប្រធានបានបន្តថា គម្រោងនេះបានចាប់ផ្តើមនៅក្នុងស្រុកសៀមប៉ាងដំបូងនៅឆ្នាំ២០១៧ នៅភូមិខិះស្វាយ បច្ចុប្បន្នយើងពង្រីកបានចំនួន១១ភូមិហើយ ។ ជាលទ្ធផលនៃការពង្រីកភូមិ និងលក់ស្រូវមកទល់ពេលនេះ យើងបានពង្រីកដល់ភូមិទាំង១១ ដែលមានសមាជិកសរុបចំនួន៦៨៥គ្រួសារ ស្ថិតក្នុងឃុំព្រែកមាស ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុង ។

ឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងខេត្តមានប្រសាសន៍ទៅកាន់ប្រជាកសិករអនុវត្តគម្រោងស្រូវត្រយ៉ង នាំឱកាសនេះ នូវការផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ដូចជាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងកសិករនៅគ្រប់មូលដ្ឋាន ។

ឯកឧត្តម បានចាត់ទុកថា គម្រោងនេះ ជាការលើកស្ទួយនូវជីវភាពកសិករបានមួយកម្រិត ចំពោះភាពរីកចម្រើននៃការអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង ។ ពីព្រោះថា គម្រោងនេះកសិករអាចលក់ស្រូវបានក្នុងតម្លៃថ្លៃ និងបានជួយបង្កើនសេដ្ឋកិច្ចដល់គ្រួសារកសិករឲ្យមានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ ទន្ទឹមនេះ ឯកឧត្តម បានស្នើសុំដល់អង្គការដៃគូអភិវឌ្ឍន៍ ឲ្យបន្តពង្រីកបណ្តាញគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃឬស្រូវត្រយ៉ងនេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងលុបបំបាត់ទាំងស្រុងនូវការកាប់បំផ្លាញព្រៃឈើ និងបរបាញ់ដោយខុសច្បាប់ នៅក្នុងតំបន់នោះ ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ គម្រោងទើបនឹងទិញបានស្រូវប្រមាណ៥៦១តោន ស្មើនឹងទឹកប្រាក់២៥៨,៤៥៣៛ ។ បើប្រៀបធៀបទៅនឹងឆ្នាំកន្លង គឺបាន៣៩៧តោនស្មើនឹង១៧០០០០រៀល ។ រីឯឆ្នាំនេះលទ្ធផលប៉ាន់ស្មាន បានប្រហែល ៦៦១តោន ស្មើនឹង៣១០០០០៛។ តម្លៃជាមធ្យមគឺ១៩០០៛ក្នុង១គីឡូប្រហែលជាង៨០% គឺបានន័យថាខ្ពស់ជាងទីផ្សារក្នុងស្រុក៕ ម៉ាវិន