រុស្ស៊ី ថ្កោលទោសផែនការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ជប៉ុន

មូស្គូ៖ រុស្សីនៅថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ជប៉ុនថា បានបោះបង់ចោលនយោបាយសន្តិភាពជាច្រើនទស្សវត្ស ដោយត្រឡប់ប្រកាន់យក របបយោធានិយមឡើងវិញ។ ការលើកឡើងនេះជាការឆ្លើយតបទៅនឹងផែនការការពារជាតិថ្មីរបស់ជប៉ុន ដែលមានតម្លៃ ៣២០ ពាន់លានដុល្លារ ដែលប្រកាសដោយនាយករដ្ឋមន្ត្រី លោក Fumio Kishida កាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយ ថា «វាអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ទីក្រុងតូក្យូបានដើរលើផ្លូវនៃការពង្រឹងអំណាចយោធារបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយផែនការនេះនឹងធ្វើឲ្យជប៉ុន ទទួលបានសមត្ថភាពធ្វើការវាយប្រហារទៀតផង»។

ផែនការរបស់ Kishida នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ដល់ទៅប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល ៥ឆ្នាំ ហើយធ្វើឱ្យប្រទេសជប៉ុនក្លាយជាការចំណាយខាងយោធាធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។

សូមជម្រាបថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូត្រូវបានគ្របដណ្ដប់ដោយជម្លោះ ដែលមិនទាន់ដោះស្រាយជាច្រើនជុំវិញបញ្ហាប្រជុំកោះតូចៗនៅប៉ាស៊ីហ្វិក៕