សម្តេចតេជោ លើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ឌុប ទោះបីជានិទ្ទេសណាក៏ដោយ

ខេត្តកំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។ សម្ដេចបានបន្ថែមថា មិនប្រាកដទេថា សិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E នៅថ្នាក់សាកលវិទ្យាល័យ។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលជាប់បាក់ឌុបគឺមានសិទ្ធិដូចគ្នាទាំងអស់ក្នុងការចូលរៀនសាកលវិទ្យាល័យ មិនថាសិស្សនិទ្ទេស A ឬ E នោះទេ។

សម្ដេចបានលើកឡើងថា៖ «កូនៗត្រូវផ្ដោតគោលដៅប្រលងគឺដើម្បីអីគឺជាប់បាក់ឌុប។ ពេលជាប់ហើយយើងនឹងមានតម្រូវការចូលមហាវិទ្យាល័យ រឿងនិទ្ទេសជារឿងមួយ»។ ទន្ទឹមនោះ សម្ដេចតេជោ បានអំពាវដល់សិស្សដែលប្រឡងមិនជាប់ឱ្យខិតខំសិក្សា និងចូលប្រឡងម្ដងទៀតនៅឆ្នាំក្រោយ ខណៈជំរុញឱ្យសិស្សចូលរៀនបរិញ្ញាបត្ររងដើម្បីត្រៀមចូលរៀនបរិញ្ញាបត្រផងដែរ៕