សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅខែកុម្ភៈឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេសAនៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានបញ្ជាក់ថា គម្រោងជួបជាមួយសិស្សនិទ្ទេស A នៅខែកុម្ភៈ ដោយសារតែត្រូវបញ្ជាទិញ Ipad សម្រាប់ចែកជូនសិស្សពូកែដែលជាប់និទ្ទេសA។ សម្តេចតេជោបានលើកទឹកចិត្តឱ្យអភិបាលខេត្តផ្តល់អំណោយលើកទឹកចិត្តដល់សិស្សជាប់និទ្ទេសA។

ជាមួយគ្នានេះ សម្តេចតេជោបានណែនាំដល់សិស្សដែលបានប្រឡង កុំផ្តោតលើនិទ្ទេស គួរតែផ្តោតលើគោលដៅសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ។ សម្តេចបានថ្លែងថា៖«កាលណាជាប់បាក់ឌុបហើយ យើងនឹងមានឱកាសដើម្បីឈានដល់ការចូលមហាវិទ្យាល័យ។ ឯរឿងនិទ្ទេស គឺជារឿងមួយ មិនប្រាកដទេណា និទ្ទេសA ពេលចូលមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេណា»។

បន្ថែមលើនេះ សម្តេចតេជោបានណែនាំឱ្យសិស្សដែលមិនជាប់បាក់ឌុបឆ្នាំនេះបន្តខិតខំរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ដូចនឹងការតាំងចិត្តរបស់បេក្ខជនវ័យជិត៦០ម្នាក់នៅខេត្តបន្ទាយមានជ័យដែលប្តេជ្ញាខិតខំរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយ។ សម្តេចតេជោ បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

សូមជម្រាបថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សចំនួន៩០៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕