សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន

ខេត្តកណ្ដាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងតម្រូវឲ្យអ្នកបើកបរ យានយន្តគ្រប់ប្រភេទទាំងអស់ ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដង ក្នុងរយៈពេលមួយឆ្នាំ ។

ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេច ស ខេង បានបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២៨ ធ្នូ ស្អែកនេះ សម្តេច នឹងបើកកិច្ចប្រជុំមួយ ដើម្បីឆ្លងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងត្រូវថែមចំណុចមួយចំនួន ទាក់ទងនឹងការបើកបរ និងបញ្ហាគ្រៀងញៀន ។

សម្តេច បានគូសបញ្ជាក់ថា«ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹង មានការបន្ថែមចំណុចមួយ ដោយតម្រូវឲ្យអ្នកបើកបរ យានយន្តទាំងអស់ ត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តង យ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍ គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្ត ទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី. ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ» ។

ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏បានពន្យល់ផងដែរថា ការធ្វើតេស្តរកសារធាតុ ញៀនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់ យ៉ាងខ្លាំងនៅកម្ពុជានេះ។

ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេច ក៏បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ អ្នកកំពុងជាប់ពន្ធនាគារនៅកម្ពុជា ប្រហែលបួនម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ ជាប់ពាក់ព័ន្ធក្នុងការរកស៊ី និងប្រើប្រាស់គ្រឿងញៀន៕